កាលបរិច្ឆេទ: ០៩ មិថុនា ២០២៣
កាលពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ ឧសភា កន្លងទៅនេះ នៅទីក្រុងបាងកក មានការរៀបចំពិព័រណ៍ចំណីអាហារអាស៊ី Thaifex-Anuga Asia
ដែលជាពិព័រណ៍ដ៏ធំ និងសំខាន់ជាងគេ ហើយក្រុមហ៊ុនខនហ្វីរេលក៏មានវត្តមាននៅទីនោះដែរ។ រៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ(DITP) សភាពាណិជ្ជកម្មថៃ (TCC) និងក្រុមហ៊ុនទទួលរៀបចំពិព័រណ៍ Koelnmesse ព្រឹត្តិការណ៍នេះបានបើកទ្វារស្វាគមន៍ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ប្រមាណជាង៣០០០មកពីប្រទេសជាង៤០ប្រទេស ក្នុងនោះមានប្រទេសថៃ ប្រទេសចិន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសទួគី ។ល។ និង ។ល។
លាតសន្ធឹងលើផ្ទៃដីប្រមាណ១៣០.០០០ម៉ែត្រការ៉េជាមួយនឹងសាលតាំងពិព័រណ៍ចំនួន១១ ព្រឹត្តិការណ៍ដ៏ធំនេះទទួលបានអ្នកចូលរួមជាង ៦០.០០០នាក់ដែលជាអ្នកប្រកបវិជ្ជាជីវៈពាណិជ្ជកម្ម អតិថិជន និងអ្នកមានសិទ្ធិសម្រេចមកពី ១៤០ ប្រទេស។
តំណាងក្រុមហ៊ុន Koelnmesse មួយរូបមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ៖ «ឆ្នាំនេះយើងសម្រេចបានលទ្ធផលលើសពីការគ្រោងទុក ព្រោះមានក្រុមហ៊ុនសហគ្រាសចូលរួមតាំងពិព័រណ៍លើសពីឆ្នាំមុនទ្វេជាពីរ។ ក្នុងចំណោមនោះ មានក្រុមហ៊ុនសហគ្រាសដែលទទួលបានពានរង្វាន់មកពីគ្រប់វិស័យ និងក្រុមហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើកំណែទម្រង់លើវិស័យចំណីអាហារ។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុនសហគ្រាសទាំងអស់បានខិតខំស្រាវជ្រាវរិះរកគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀតនៅក្នុងវិស័យឧស្សាហកម្មចំណីអាហារ។ លើសពីនេះទៅទៀត កិច្ចសន្យាដ៏មោះមុតរបស់យើងចំពោះការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងប្រកបដោយនិរន្តរភាព ទៅថ្ងៃអនាគត យើងនឹងអាចទទួលបានការផលិតចំណីអាហារប្រកបដោយនិរន្តរភាព»។
លោក សាន្ត មនោ ប្រធានផ្នែកលក់មកពីក្រុមហ៊ុនខនហ្វីរេលបានឲ្យដឹងថា វត្តមានរបស់ក្រុមហ៊ុនខនហ្វីរេលនៅក្នុងពិព័រណ៍នេះពិតជាមានអត្ថប្រយោជន៍មែន។ លោកបានសម្តែងក្តីសោមនស្សរីករាយយ៉ាងដូច្នេះ៖ «បើនិយាយពីផលិតផលវិញ ម្រេចកំពត និងតែកញ្ចុំផ្កាម្រេចម៉ាក Kirum ទទួលបានចំណាប់អារម្មណ៍ពិសេសពីសំណាក់អ្នកទស្សនា។ ម្យ៉ាងវិញទៀត យើងបានទាក់ទងជាមួយក្រុមហ៊ុនផលិត ឬចែកចាយចំណីអាហារ និងគ្រឿងសម្អាងប្រមាណជាងម្ភៃមកពីប្រទេសជប៉ុន ម៉ាឡេស៊ី ហុងកុង និងប្រទេសផ្សេងៗទៀត។ ដូច្នេះការចូលរួមរបស់ក្រុមហ៊ុនយើងនៅក្នុងព្រឹត្តិការណ៍មួយនេះគឺពិតជាសំខាន់ណាស់៕»